រស់ក្នុងបច្ចុប្បន្នកាល! តើរស់ដូចម្តេច?
ពេលមេឃភ្លៀង ចូរកុំសុំឲ្យមេឃបើកថ្ងៃ ពេលមេឃបើកថ្ងៃ ចូរកុំសុំឲ្យមេឃភ្លៀង។ ពេលមេឃភ្លៀង ចូររីករាយជាមួយនឹងតំណក់ទឹកភ្លៀងចុះ។ ពេលមេឃបើកថ្ងៃ ចូររីករាយជាមួយនឹងពន្លឺព្រះអាទិត្យចុះ។
ធ្វើប៉ុណ្ណឹងបាន គឺមានន័យថា អ្នកចេះរស់នៅក្នុងបច្ចុប្បន្នកាលបានល្អហើយ។
ធ្វើបានទេប៉ុណ្ណឹង?
ពីខ្ញុំ សុីនិន
Tuesday, June 9, 2026
០០៥
០០៤
នៅក្នុងរឿងភាគបុរាណចិនមួយ មានមេបក្សពិភពគុនដ៏ស្រស់សង្ហាម្នាក់មានក្បាច់គុនខ្លាំងដាច់គេនៅលើលោក។ គ្មាននរណាអាចវាយឈ្នះគាត់បានទេ។
តែមានរឿងចម្លែកមួយ គឺមាននារីដ៏ស្រស់ស្អាតបរិសុទ្ធម្នាក់។ ឲ្យតែពេលណាមេបក្សរូបសង្ហានេះនៅក្បែរនារីម្នាក់នេះ មេបក្សរូបសង្ហាម្នាក់នេះមិនអាចបញ្ចេញយុទ្ធសីលនៃក្បាច់គុនរបស់គាត់បានឡើយ។
ពួកបក្សបីសាចទាំងឡាយបានហៅនារីដ៏ស្រស់ស្អាតបរិសុទ្ធម្នាក់នេះថា “នាងគឺជាគ្រោះស្លាប់រស់របស់មេបក្សពិភពគុនម្នាក់នេះហើយ”។
បានដឹងដូច្នេះ ពួកបីសាចក៏នាំគ្នារកគ្រប់វិធីដើម្បីបញ្ជូននារីម្នាក់នេះឲ្យទៅនៅជិតមេបក្សមួយនេះ។
មនុស្សយើងម្នាក់ៗក៏ប្រហែលជាដូចទៅនឹងមេបក្សម្នាក់នេះដែរ គឺតែងតែមានគ្រោះស្លាប់រស់មួយដែលជារបស់ខ្លួន។ វាអាចជាសកម្មភាពណាមួយ របស់អ្វីមួយ ហេតុការណ៍អ្វីមួយ ឬមនុស្សណាម្នាក់។ ឲ្យតែអ្នកបាននៅក្បែររបស់ទាំងនេះ អ្នកស្រាប់តែប្រែក្លាយខ្លួនទៅជាធ្វើខុស ឬអស់ថាមពលពីក្នុងខ្លួនភ្លាមមួយរំពេច។ តើអ្នកធ្លាប់បែបនេះដែរទេ?
ដូច្នេះ តើអ្វីទៅជាគ្រោះស្លាប់រស់របស់អ្នកនាពេលកន្លងមក?
មិត្តអ្នកអានដឹងទេ បើអ្នកបានស្គាល់គ្រោះស្លាប់រស់របស់ខ្លួនឯងច្បាស់ នោះគ្រោះនឹងប្រែក្រឡាស់ជាលាភសំណាងវិញជាពុំខាន។
ពីខ្ញុំ សុីនិន
០០៣
តើអ្នកធ្លាប់បានអានឃ្លាមួយនេះដែរទេនាពេលកន្លងមក?
“គ្មានគោលដៅ ទីណាក៏ទៅមិនដល់”។
ដូច្នេះ ប្រសិនបើអ្នកមិនទាន់រកឃើញគោលដៅអ្វីវែងឆ្ងាយសម្រាប់ជីវិតរបស់អ្នកនៅឡើយទេ យ៉ាងហោចណាស់ អ្នកក៏គួរតែដឹងថា នៅព្រឹកថ្ងៃស្អែក អ្នកនឹងត្រូវទៅធ្វើអ្វី ដើម្បីអ្វីដែរ។ តើមែនទេ?
បើពុំដូច្នោះទេ ជីវិតរបស់អ្នកមួយនេះ ទីណាក៏ទៅមិនដល់ពិតមែនហើយ។
ធ្វើអ្វី? ដើម្បីអ្វី? ធ្វើអ្វី? ដើម្បីអ្វី? ធ្វើអ្វី? ដើម្បីអ្វី? ធ្វើអ្វី? ដើម្បីអ្វី? ធ្វើអ្វី? ដើម្បីអ្វី?….!
ធ្វើអ្វី តែមិនដឹងដើម្បីអ្វី = គ្មានគោលដៅ។
ធ្វើអ្វី ហើយដឹងថាដើម្បីអ្វី = មានគោលដៅ។
ពីខ្ញុំ សុីនិន
០០២
"ចិត្តបរិសុទ្ធ" គឺមានន័យថា “ធ្វើអ្វី គឺដឹងខ្លួនឯងហើយ”។
ទោះគ្មាននរណាដឹង ប៉ុន្តែខ្លួនឯងដឹង មេឃដឹង ដីដឹង ទេវតាដឹង សូម្បីតែខ្មោចព្រាយបីសាចក៏ដឹងដែរ។ ដូច្នេះហើយទើបមនុស្សទេពខុងមីងបាននិយាយថា “នៅលើលោកនេះ គ្មានទេអាថ៌កំបាំង។ បើមិនចង់ឲ្យគេដឹង លុះត្រាតែខ្លួនកុំធ្វើ”។
រីឯព្រះសម្មាសម្ពុទ្ធក៏មានពុទ្ធដីកាដែរថា “នៅក្នុងចក្រវាលនេះ អត់មានអំណាចណាធំជាងអំណាចនៃកម្មឡើយ។ កម្មមកបែបណា ផលនឹងទៅជាបែបនោះ ហើយនៅពេលដែលពេលវេលាមកដល់ ផលនេះនឹងហុចឲ្យដោយជៀសពុំរួចឡើយ”។
ពីខ្ញុំ សុីនិន
០០១
ដើម្បីអ្វី?
ឲ្យតែអ្នកអាចឆ្លើយទៅនឹងសំណួរមួយនេះបាន អ្នកក៏នឹងលែងភ័យព្រួយជាមួយនឹងការអស់កម្លាំងនៅក្នុងការធ្វើវាតទៅទៀតហើយ។ តើមែនទេ?
ពីខ្ញុំ សុីនិន




